ភពអង្គារជាភពដ៏ល្បីដែលគេតែងលើកឡើងនៅពេលនិយាយពីការសាងសង់ទីក្រុងក្រៅភពផែនដីម្ដងៗ។ ប៉ុន្តែពេលនេះមានការសិក្សាថ្មីបង្ហាញថាព្រះចន្ទឈ្មោះ Titan របស់ភពសៅរ៍ក៏មានឱកាសអាចដូចជាភពអង្គារដែរ។
ការសិក្សាដែលនឹងចុះផ្សាយក្នុងឯកសារ Journal of Astrobiology and Outreach បានលើកឡើងថាព្រះចន្ទ Titan មានប្រភពថាមពលដែលអាចទ្រទ្រង់អាណាចក្រមួយដែលមានប្រជាជនប្រមាណ ៣០០ លាននាក់។
ការសិក្សាបានបញ្ជាក់ថា Titan មានបរិយាកាសក្រាស និង មានគុណភាពដូចភពផែនដី អាចផ្ដល់ជាខែលការពារពីសារធាតុវិទ្យុសកម្មបាន។
ក្នុងការសិក្សាដែលមានអ្នកស្រី Amanda Hendrix មកពី Planetary Science Institute ជាអ្នកស្រាវជ្រាវមួយរូបបានបង្ហាញពីប្រភពថាមពលខុសៗគ្នាមួយចំនួនដែលអាចទ្រទ្រង់ជីវិតមនុស្ស។ ប្រភពថាមពលរួមមានថាមពលនុយក្លេអ៊ែរ, សារធាតុគីមី, ថាមពលទឹក, ខ្យល់ រួមទាំងថាមពលព្រះអាទិត្យ។
ត្បិតថាព្រះចន្ទ Titan មានចម្ងាយឆ្ងាយពីព្រះអាទិត្យ ១០ ដងនៃចម្ងាយពីផែនដីទៅព្រះអាទិត្យ ប៉ុន្តែការប្រើបច្ចេកវិទ្យាទំនើបដើម្បីទាញយកថាមពលពីពន្លឺព្រះអាទិត្យនៅតែជាជម្រើសល្អមួយ។
ចុងក្រោយក្រុមអ្នកស្រាវជ្រាវបានបញ្ចប់សេចក្ដីថា ៖ "ប្រភពថាមពលធម្មជាតិរបស់ Titan បង្ហាញពីជម្រើសជាច្រើនដែលអាចប្រើដើម្បីបង្កើតថាមពលបម្រើដល់ភ្ញៀវ (ឬការតាំងទីលំនៅ) អនាគតដែលធ្វើដំណើរមកព្រះចន្ទនេះ”៕
Thursday, July 13, 2017
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment