ដូចដឹងហើយថាព្រះចន្ទធ្វើដំណើរលើគន្លងជុំវិញផែនដី ហើយក្នុងពេលជាមួយគ្នាផែនដីធ្វើដំណើរលើគន្លងជុំវិញព្រះអាទិត្យ។ ពេលខ្លះផែនដីរំកិលខ្លួនស្ថិតនៅចន្លោះព្រះអាទិត្យ និង ព្រះចន្ទ ហើយពេលដែលហេតុការណ៍នេះកើតឡើង ផែនដីនឹងបាំងពន្លឺព្រះអាទិត្យដែលជាធម្មតាពន្លឺនេះត្រូវចំណាំងប្លាតទៅលើព្រះចន្ទ។ ពន្លឺព្រះអាទិត្យនេះហើយជាមូលហេតុធ្វើឲ្យព្រះចន្ទមានពន្លឺ។
ពេលដែលផែនដីបាំងពន្លឺដូចនេះ ស្រមោលរបស់ផែនដីនឹងត្រូវជះទៅលើព្រះចន្ទ ដែលបង្កើតបានជាបាតុភូតចន្ទគ្រាស។ បាតុភូតចន្ទគ្រាសអាចកើតមានឡើងតែនៅពេលព្រះចន្ទរះពេញវង់ប៉ុណ្ណោះ។ បាតុភូតនេះទៀតសោតមានចែកចេញជាពីរប្រភេទ ចន្ទគ្រាសពេញវង់ និង ចន្ទគ្រាសចំណិត។
ដំណើរនៃចន្ទគ្រាសពេញវង់
ចន្ទគ្រាសពេញវង់កើតមាននៅពេលព្រះអាទិត្យ ផែនដី និង ព្រះចន្ទស្ថិតនៅលើគន្លងត្រង់តែមួយ។ ត្បិតថាស្រមោលរបស់ផែនដីត្រូវជះលើផ្ទៃព្រះចន្ទទាំងស្រុង ប៉ុន្តែមានពន្លឺព្រះអាទិត្យខ្លះចាំងដល់ព្រះចន្ទតាមរយៈបរិយាកាសនៃភពផែនដីដែលនាំឲ្យផែនដីបាត់បង់ពន្លឺពណ៌ខៀវ។ មូលហេតុនេះហើយទើបព្រះចន្ទមើលពីផែនដីទៅមានពណ៌ក្រហម។
ចន្ទគ្រាសចំណិតកើតមាននៅពេលដែលមួយផ្នែកនៃព្រះចន្ទ ចូលទៅក្នុងស្រមោលរបស់ភពផែនដី។ ក្នុងបាតុភូតនេះស្រមោលរបស់ផែនដីបង្ហាញរូបរាងងងឹតខ្លាំងទៅលើផ្ទៃព្រះចន្ទដែលបែរមុខចំផែនដី។ សណ្ឋានចំណិតដែលមើលឃើញពីបាតុភូតនេះអាស្រ័យលើការនៅទន្ទឹមគ្នារវាងព្រះអាទិត្យ ព្រះចន្ទ និង ផែនដី។
ដំណើរចន្ទគ្រាសចំណិត
ជាធម្មតាបាតុភូតចន្ទគ្រាសកើតមានឡើងរយៈពេល ២ – ៣ ម៉ោង ហើយយ៉ាងហោចណាស់មួយឆ្នាំមានបាតុភូតនេះកើតឡើងពីរដង ប៉ុន្តែចន្ទគ្រាសពេញវង់កម្រកើតមានបំផុត៕
វីដេអូពន្យល់លម្អិត ៖
ប្រភព៖ Sabay
0 comments:
Post a Comment